នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានចូលរួមកម្មវិធីចែករង្វាន់របស់មូលនិធិធនាគារមេយប៊ែង សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញផ្នែកហិរញ្ញវត្ថុ Cashville Kidz។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ អគ្គនាយកបច្ចេកទេស មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុជាច្រើន ពិសេសយុទ្ធនាការ “តោះ! និយាយពីលុយ” ក្នុងគោលបំណងការពារប្រជាពលរដ្ឋពីការកេងបន្លំ តាមរយៈការជ្រើសរើសនិងប្រើប្រាស់សេវាហិរញ្ញវត្ថុបានត្រឹមត្រូវនិងចំគោលដៅ។ កម្មវិធី Cashville Kidz ដែលដាក់ឲ្យដំណើរការដោយធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី នាពេលនេះ គឺជាការបន្តនួវភាគជោគជ័យរបស់យុទ្ធនាការ “តោះ! និយាយពីលុយ” និងមានគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យបានកាន់តែទូលំទូលាយ។